31 C
Phnom Penh
Thursday, December 5, 2024
- Advertisement -spot_img

គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

- Advertisement -spot_img

គំនិតផ្តួចផ្តើមអភិវឌ្ឍសាកលត្រូវបានគេដឹងទូទាំងពិភពលោកថា ជាគំនិតផ្តួចផ្តើមមួយ ដែលបានលើកឡើងដោយលោកប្រធានរដ្ឋចិន ស៊ី ជិនភីង ក្នុងឱកាសនៃកិច្ចពិភាក្សាលើកទី៧៦នៃកិច្ចប្រជុំអង្គការសហប្រជាជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ និង បានលើកឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងសម្រេចបាននូវរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍សហសវត្សនៅឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈ ការធ្វើឱ្យរស់ឡើងវិញនូវភាពជាដៃគូអភិវឌ្ឍន៍ និង ជំរុញឱ្យប្រសើរឡើងនូវការអភិវឌ្ឍខ្លាំងក្លា បៃតង និង សុខភាពល្អ។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោកប្រធានរដ្ឋចិន ស៊ី ជិនភីង បានធ្វើជាអធិបតីក្នុងកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកលតាមប្រព័ន្ធវីដេអូ លោកបានលើកឡើងគំនិតផ្តួចផ្តើម៤ចំណុច ពោលគឺរួមគ្នាប្រមូលផ្តុំនិងជំរុញគំនិតឯកភាពរួមស្តីពីការជំរុញការអភិវឌ្ឍ រួមគ្នាបង្កបរិយាកាសអន្តរជាតិដែលមានអំណោយផលដល់ការអភិវឌ្ឍ រួមគ្នាពូនជ្រំកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសកល និង រួមគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមទាំងនេះបានចង្អុលបង្ហាញយ៉ាងច្បាស់លាស់នូវទិសដៅសម្រាប់ជំរុញបុព្វហេតុអភិវឌ្ឍន៍សកលនិងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សកល ហើយត្រូវបានតំណាងជាង១០០ប្រទេសនៅលើសាកលលោកគាំទ្រ ជាពិសេសទៅទៀតនោះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ ត្រូវបានលើកឡើងចំពេលវេលាដ៏ល្អ ដែលពិភពលោកកំពុងប្រឈមនឹងហានិភ័យ និង វិបត្តិនានាជាបន្តបន្ទាប់។

គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺជាគោលគំនិតមួយដែលបានចាត់ទុកការអភិវឌ្ឍជាស្នូលអាទិភាពពិភពលោក ដែលការអភិវឌ្ឍនេះ បានត្រូវបានធ្វើឡើងដោយយកប្រជាជនគោលចម្បង ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅ ប្រកបដោយបរិយាប័ន្ន ជំរុញការច្នៃប្រឌិតថី្ម និង រួមរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ និង ប្រកាន់ខ្ជាប់នូវទិសដៅប្រតិបតិ្ត។ គំនិតផ្តួចផ្តើមសាកល ត្រូវបានមើលឃើញថា នឹងជំរុញកិច្ចសហប្រតិបតិ្តការជាអន្តរជាតិលើវិស័យកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការចាក់វ៉ាក់សាំង ការកៀរគរប្រាក់ទុនសម្រាប់ការអភិវឌ្ឍ បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង ឧស្សាហូបនីយកម្ម សេដ្ឋកិច្ចឌីជីថល និង ការតភ្ជាប់គ្នាជាដើម។

គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងដើម្បីជាយុទ្ធសាស្រ្តស្នូលមួយសម្រាប់គាំទ្រដល់ទស្សនវិស័យរួមរបស់លោក ស៊ី ជិនភីង គឺការឈានទៅដល់ការបង្កើតសហគមន៍រួមវាសនាតែមួយនៃការអភិវឌ្ឍសកល។គោលការណ៍ស្នូលរបស់គំនិតផ្តួចផ្តើមនេះ ត្រូវបានមើលឃើញថាមានសារសំខាន់សម្រាប់ការអភិវឌ្ឍសាកល ដែលបានធ្វើឱ្យប្រទេសចំនួន ៦៨ ចូលរួមជាមួយ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអាទិភាពចំនួន៨ដែលបានរៀបរាប់ខាងលើ។ ប្រទេសចិនជាប្រទេសឈានមុខគេ និងជាគំរូមួយ ក្នុងការលុបបំបាត់ភាពក្រីក្រ តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជនបទ បង្កើតការងារ និង ការអភិវឌ្ឍកម្លាំងពលកម្ម ដែលជាកម្លាំងចលករថ្មីក្នុងវិស័យកំណើន។ លើសពីនេះទៀត ប្រទេសចិន ក៏បានយកចិត្តទុកដាក់ដល់វិស័យស្បៀងអាហារ ដោយបានដាក់ចេញនូវវិធានការនានាទាក់ទងនឹងសន្តិសុខស្បៀងអាហារ និង ធានាឱ្យបាននូវស្បៀងអាហារគ្រប់គ្រាន់សម្រាប់ប្រជាជន ព្រមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យបរិស្ថាន និង ការរស់នៅ។

វិស័យបរិស្ថាន និង បៃតងនេះ ជាវិស័យរួមមួយសម្រាប់សាកលលោកទាំងមូល ដែលអាចធ្វើឱ្យមនុស្សនិងបរិស្ថានអាចផ្សារជាមួយគ្នាយ៉ាងស្អិតរមួត បង្កើតការរស់នៅល្អប្រកបភាពសុខសាន្ត ទប់ស្កាត់នូវជំងឺឆ្លង និង ជំងឺរាតត្បាតនានា ជាពិសេសទប់ស្កាត់នូវការវិលត្រឡប់មកវិញនូវជំងឺកូវីដ១៩។ ក្រៅពីនេះទៀត ប្រទេសចិន ក៏ជាប្រទេសមួយដែលត្រូវបានគេចាត់ទុកថាជាប្រទេសឈានមុខគេមួយ ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល។ ការអភិវឌ្ឍសេដ្ឋកិច្ចតាមបែបឌីជីថលនេះ ត្រូវបានជ្រើសរើសជាអាទិភាពរបស់សាធារណរដ្ឋប្រជាមានិតចិន និង ជារវៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសចិន ដែលអាចចាត់ទុកជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្តារប្រទេសនានានៅ លើសាកលលោក និង ក្លាយជាប្រទេសមូលដ្ឋានគន្លឹះមួយសម្រាប់បង្កើនការតភ្ជាប់បច្ចេកវិទ្យាឌីជីថល ក្នុង សាកលលោកផងដែរ។

ឧស្សាហកម្មដែលបានរួមចំណែកដោយកម្លាំងចលករកំណើនថ្មី ដែលមានដាក់បញ្ចូលនូវបច្ចេកវិទ្យាឌីជីថល ជាឧស្សាហកម្មដែលមានកម្លាំងផលិតភាពមុតស្រួច និង មានសំទុះខ្លាំងក្លា ដែលអាចរួមចំណែកឱ្យរចនាសម្ព័ន្តសេដ្ឋកិច្ចប្រទេស ក៏ដូចជាសេដ្ឋកិច្ចសាកលលោកកាន់តែរីកចម្រើនលឿនយ៉ាងឆាប់រហ័ស និង ប្រកបភាពធន់និងរឹងមាំ។ កម្លាំងចលករថ្មីនេះ ក៏បានរួចចំណែកជាមួយនឹងសាលកលោក និង អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យសម្រេចបានជាលទ្ធផលល្អនិងជោគជ័យនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ឆ្នាំ២០៣០ ជាពិសេសគឺនិរន្តរភាពនៃខ្សែច្រវាក់ផលិតកម្មនៃវិស័យឧស្សាហកម្ម និង ស្បៀងអាហារ។
ជាចុងក្រោយ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកលនេះ បានរួមចំណែកធ្វើឱ្យលំហូរនិងបម្លាស់ទីនៃធនធានមូលធនរបស់សាកលលោកពូតផ្តុំឱ្យទៅជាធនធានសាកលថ្មីធំនិងរឹងមាំ សម្រាប់ជាកម្លាំងចលករថ្មីសម្រាប់ផលិតភាពសាកល បង្កើតជាថ្នាលនៃការអភិវឌ្ឍរួមជាសាកលនិងដោះស្រាយនូវវិបត្តិនានា ព្រមទាំងពូតផ្តុំនូវបញ្ញាញាណ និង បញ្ញាវន្តក្នុងការរួបរួមគ្នាសម្រាប់ការអភិវឌ្ឍសាកល ដែលបានធ្វើឱ្យប្រជាជនលើពិភពលោកទាំងអស់មើលពីសារសំខាន់ដ៏លើសលុបនៃគំនិតផ្តួចផ្តើមអភិវឌ្ឍសាកលមួយនេះ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img