រដ្ឋាភិបាលបានទទួលស្គាល់នូវការចូលរួមចំណែកទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ នៅក្នុងវិស័យផ្សេងៗ នៃធនធានបរិស្ថាន និងធម្មជាតិរបស់ជាតិ ។ គោលនយោបាយវិស័យព្រៃឈើជាតិ សម្គាល់នូវការអភិវឌ្ឍ ផ្នែកសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ ដែលស្ថិតក្នុងចំណោមកត្តាចលករពីរនៅក្នុងសកម្មភាព គ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។ ទោះយ៉ាងណាក្តី របាយការណ៍មួយចំនួន បានឱ្យដឹងថាទោះបីជាមាន ក្របខ័ណ្ឌច្បាប់មួយដែលរឹងមាំសម្រាប់បរិស្ថានក៏ដោយ ក៏របាយការណ៍នោះ មិនត្រូវបាន អើពើ ឬ បោះជំហានទៅម្ខាងទៀតដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរយៈពេលខ្លី។
ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ការជួលព្រៃឈើនៅប្រទេសកម្ពុជា (តម្លៃឈើដែលផលិតបាន ដកនឹងថ្លៃចំណាយក្នុងការផលិត) មានតម្លៃប្រមាណ ៤.៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ជាតិ នៅឆ្នាំ ២០១៣ ដែលស្មើនឹង ៦៧០ លានដុល្លាសហរដ្ឋអាមេរិច ដោយផ្អែកលើផលិតផលក្នុង ស្រុកសរុប ឆ្នាំ ២០១៣។
ការអភិរក្សបរិស្ថាន បានចូលរួមចំណែកដោយប្រយោល ដល់ចំណូលបានមកពីវិស័យទេសចរណ៍ តាម រយៈកម្មវិធីអេកូទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរបានចំនួន ១.៣ ភាគរយ នៃចំនួន ភ្ញៀវទេសចរ ទាំងអស់ នៅក្នុងឆ្នាំ ២០១៤។ ក្នុងឆ្នាំនោះដែរ វិស័យទេសចរណ៍ បានចូលរួមចំណែកនូវទឹកប្រាក់ ២.៧៣៦ ពាន់លាន ដុល្លារសហរដ្ឋអាមេរិចដល់សេដ្ឋកិច្ច។
ក្រៅពីគុណតម្លៃខាងហិរញ្ញវត្ថុទៅលើបរិស្ថាន តំបន់ទេសភាពបែបធម្មជាតិរបស់ជាតិ មានគុណតម្លៃផ្នែក វប្បធម៍ និងជំនឿដ៏ខ្ពង់ខ្ពស់ដល់ក្រុមជនជាតិដើមភាគតិចរបស់ប្រទេស ។ ឧទាហរណ៍ បណ្តាញសហ គមន៍ព្រៃឡង់ បានរាយការណ៍ថា មានជនជាតិដើមភាគតិចគួយ ប្រមាណ ២០០,០០០ នាក់ ពឹង អាស្រ័យលើតំបន់ព្រៃកណ្តាល ឬហៅថា ព្រៃឡង់ សម្រាប់ជីវភាពរស់នៅ និងទំនៀមទំលាប់ប្រពៃណី ផ្នែកសង្គម និងជំនឿរបស់ពួកគេ ដែលបានផ្សាភ្ជាប់ទៅនឹងព្រៃឈើ។ សហគមន៍ជនជាតិដើមភាគតិច និងខ្មែរ បានអះអាងស្រដៀងគ្នានេះ នៅទូទាំងប្រទេស។
ប្រទេសកម្ពុជា មានជីវៈចម្រុះដ៏សម្បូរបែប រួមមាន សត្វ និង រុក្ខជាតិចម្រុះជាច្រើនប្រភេទ និងមានធនធាន ព្រៃឈើ ដែលប្រជាជនក្រីក្រជាច្រើននៅតាមជនបទ ពឹងអាស្រ័យលើសម្រាប់ចិញ្ចឹមជីវិត របស់ពួកគេ។ ទោះជាយ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ ធនធានព្រៃឈើ កាន់តែស្ថិតនៅក្រោម សម្ពាធពីការប្រើប្រាស់ ដីសេដ្ឋកិច្ច ខ្លាំងឡើងៗ។ ទន្ទឹមនឹងនោះ ប្រទេសកម្ពុជា ជាប្រទេសងាយរងគ្រោះទៅនឹងផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុដោយសារតែ សមត្ថភាពនៃការបន្សាំនៅទាប។ ប្រជាជននៅតាមជនបទ ភាគច្រើន ស្ថិតក្នុងហានិភ័យ ដោយសារព្រឹត្តិការណ៍ អាកាសធាតុបំផ្លិចបំផ្លាញ ជាពិសេស ទឹកជំនន់ និងគ្រោះរាំងស្ងួត។



ដោយគិរីដងរែក




