32 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

ខេត្តរតនគិរី មានភ្ញៀវទេសចរមកលេងកម្សាន្ត កើនឡើងជាង១៧% ក្នុងឱកាសចូលឆ្នាំចិន ៣ថ្ងៃ

- Advertisement -spot_img

រតនគិរី៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា ឆ្នាំ២០២២ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តរតនគិរី មានការកើនឡើងជាង១៧% ក្នុងឱកាសចូលឆ្នាំចិន ៣ថ្ងៃ បើប្រៀបធៀប ឆ្នាំ២០២១ កន្លងមក។

លោក ង៉ែត ពិទូ បានឱ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២២ ថា ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ (៣១មករា ១-២កុម្ភៈ ឆ្នាំ២០២២) ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួន១២,៤៥១នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន៥១នាក់ ភ្ញៀវជាតិ១២,៤០១នាក់។ លោកថាចំនួននេះគឺមានការកើនឡើង១៧.១៦% ភ្ញៀវជាតិកើនឡើង១៦.៩៩% និងភ្ញៀវអន្តរជាតិកើនឡើង៨២.១៤% បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២១កន្លងមក មានចំនួន ១០,៦២៨នាក់។

លោក ង៉ែត ពិទូ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទេសចរដែលមានការហក់ឡើងគួរឱ្យកត់សម្គាល់បើទោះបីចំនួនហក់ឡើងមិនច្រើនតាមការរំពឹងទុក តែនេះគឺជាសញ្ញាល្អបង្ហាញថាខេត្តរតនគិរី ចាប់ផ្តើមមានភ្ញៀវទេសចរមកលេងកម្សាន្តឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ-១៩ រយៈពេលជិត២ឆ្នាំ។លោកបន្តថា ចំនួនភ្ញៀវដែលមានការកើនឡើងនេះក៏បានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អ គួបផ្សំនឹងសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ។ ជាពិសេសនោះគឺវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្រោចលើប្រជាពលរដ្ឋស្ទើរ១០០% ដូច្នេះពួកគាត់មានទំនុកចិត្តមិនសូវព្រួយបារម្ភ ក្នុងការដើរលេងកម្សាន្តប៉ុន្មាននោះទេ។

ប្រធានមន្ទីរទេសចរណ៍រូបនេះក៏បានលើកឡើងផងដែរពីសក្តានុពល វិស័យទេសចរណ៍ដែលបច្ចុប្បន្ននេះមន្ទីរបានធ្វើបច្ចប្បន្នភាពរមណីយដ្ឋានទេសចរណ៍រហូតដល់៣០កន្លែង សុទ្ធសឹងជារមណីយដ្ឋាន ធម្មជាតិ។ ហើយនៅថ្ងៃខាងមុខជាពិសេសបុណ្យចូលឆ្នាំខ្មែរ អាជ្ញាធរខេត្ត នឹងបង្វែរទិសដៅភ្ញៀវទេសចរឱ្យទៅលេងតំបន់វាលខ្សាច់ និងទឹកជ្រោះនៅស្រុកតាវែង និងស្រុកវើនសៃ។

ជាមួយគ្នានេះ លោក ង៉ែត ពិទូ បានលើកឡើងថា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅ លេង កម្សាន្ត គេសង្កេតឃើញថាភ្ញៀវទេសចរទាំងអស់បានចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អ ពោលគឺ ក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ និងសូមថ្លែង អំណរគុណ ចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី។ ចំណែកម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ នៅតែបន្តការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឱ្យមានការរាតត្បាតជំងឺកូវីដ-១៩។ ហើយចំពោះសមត្ថកិច្ចពាក់ព័ន្ធក៏បានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img