ក្លិបអ្នកកាសែតកម្ពុជា ដែលជាសមាគមឈានមុខលើវិស័យសារព័ត៌មានត្រូវបានកត់សម្គាល់ថា បានបោះជំហានថ្មីមួយទៀតនៅក្នុងបេសកកម្មរបស់ខ្លួនដើម្បីលើកសមត្ថភាពវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា។ជាក់ស្តែងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា(MOU)ជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា។
លោក ពុយ គា ប្រធាន ក្លិបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា ការចុះ MOU នោះក្នុងគោលបំណងដើម្បីចូលរួមពង្រឹងសមត្ថភាពការយល់ដឹងរបស់អ្នកសារព័ត៌មានលើវិស័យធានារ៉ាប់រងនៅកម្ពុជា ហើយក៏ជាការ បំពេញបន្ថែមចំណេះដឹងរបស់អ្នកសារព័ត៌មាន លើវិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជាសំដៅលើកកម្ពស់គុណភាព សារព័ត៌មាន ហើយធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយអំពីវិស័យដ៏មានសារសំខាន់នេះឲ្យបានទូលាយដល់សាធារណៈជន។
លោកបន្ថែមថា ការចុះ MOU នេះក៏ជាលើកទី២ បន្ទាប់ពី ក.អ.ក បានចុះ MOU ជាមួយក្រុមហ៊ុន Hauwei ដែលជាក្រុមហ៊ុនឈានមុខមួយលើវិស័យបច្ចេកវិទ្យាហើយកំពុងប្រតិបត្តិការនៅកម្ពុជា។
លោកប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងឲ្យដឹងថា បេសកកម្មស្នូលមួយរបស់ ក.អ.ក គឺការបណ្ដុះបណ្ដាល និងការធ្វើវិក្រឹតការ ដល់ អ្នកសារព័ត៌មាន។ ហេតុដូច្នេះហើយការចុះ MOU ជាមួយនិយ័តករធានារ៉ាប់រងកម្ពុជានាពេលនេះក៏ជាផ្នែកមួយនៃការផ្តល់ចំណេះដឹងបន្ថែមដល់អ្នកសារព័ត៌មាន ខណដែលវិស័យនេះបាន និងកំពុងមានការវិវឌ្ឍក្នុងរបត់ថ្មីមួយ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងន័យនេះតួនាទីរបស់អ្នកសារព័ត៌មាន មានសារសំខាន់ណាស់ក្នុងការលើកកម្ពស់សមត្ថភាពក្នុងការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងបញ្ជ្រាបការយល់ដឹងអំពីវិស័យនេះដល់សាធារណជន។
លោកបន្ថែមថា ក្លិបអ្នកកាសែតកម្ពុជា យល់ ឃើញថា ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ក្លិបអ្នកកាសែតកម្ពុជា ត្រូវបន្តស្វែង រក កិច្ច សហប្រតិបត្តិការបន្ថែមទៀតជាមួយស្ថាប័នរដ្ឋ ក្រុមហ៊ុននានាសំដៅធ្វើយ៉ាងណាផ្តល់ឱកាសដល់អ្នកសារព័ត៌បានស្វែងយល់កាន់តែស៊ីជម្រៅ និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសំដៅជំរុញឲ្យអំណាចទី៤នេះដើរឲ្យទាន់បរិបទនៃយុគសម័យឧស្សាហកម្ម4.0។ លោកប្រធានក្លិបនៅបានបញ្ជាក់បន្ថែមថា ក្លិបអ្នកកាសែតកម្ពុជា បើកទូលាយដល់ស្ថាប័នរដ្ឋ និងវិស័យឯកជនដទៃទៀតដើម្បីចូលរួមទ្រទ្រង់គាំទ្រដល់ បេសក កម្ម របស់ ក្លិបអ្នកកាសែតកម្ពុជា សំដៅពង្រឹងសមត្ថភាពក្រមសីលធម៌ វិជ្ជាជីវៈ និងលើកកម្ពស់វិស័យសារព័ត៌មាន នៅកម្ពុជា។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)ក៏បានថ្លែងឲ្យដឹងដែរថា ការអនុស្សារណៈយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរក្នុងការផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍ នៃសេវាធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយ ដែលនឹងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាឱ្យកាន់តែមាន សន្ទុះខ្លាំងក្លារមួយកម្រិតទៀត ក្នុងគោលដៅពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងចូលរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលប្រែក្លាយ ប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នា ឆ្នាំ២០៥០៕
ដោយគិរីដងរែក