សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ក្នុងស្រុក (IDI) សម្រេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ Chongqing HongJiu ដែលជាក្រុមហ៊ុននាំចូលផ្លែឈើឈានមុខគេរបស់ប្រទេសចិន និងAsia Cassava Holding ជាក្រុមហ៊ុន លក់ដុំ និងនាំចូលដំឡូងមីដ៏សំខាន់មួយទៅកាន់ប្រទេសចិន ។

កិច្ចព្រមព្រៀងនេះសម្រេចបានកាលពីថ្ងៃទី១៧ ខែកញ្ញា ក្នុងពិធីចុះហត្ថលេខាពិព័រណ៍កម្ពុជា -អាស៊ានលើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន ។ លោកហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ IDI បានសរសេរនៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់លោកថាកិច្ច ព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ Chongqing HongJiu ដែលជាក្រុមហ៊ុននាំចូលផ្លែឈើឈានមុខគេរបស់ប្រទេសចិន និង Asia Cassava Holding ដែលជាក្រុមហ៊ុនលក់ដុំ និងនាំចូលដំឡូងមី ដ៏ សំខាន់ទៅកាន់ប្រទេសចិន ដែលចាត់ទុកថាជាគម្រោង ដ៏ធំចំនួន២ នៅក្នុងពិធីចុះហត្ថលេខានៅក្នុងពិព័រណ៍កម្ពុជា -អាស៊ានលើកទី២០ ។
លោកបានសរសេរថា ៖ « យើងស្វាគមន៍ក្នុងការធ្វើការរួមគ្នាជាមួយគ្រប់ភាគីដើម្បីជួយវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាសម្រាប់ ការនាំចេញកាន់តែច្រើន » ។
ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន – អាស៊ានលើកទី ២០ នៅទីក្រុងណាននីង ប្រទេសចិននាថ្ងៃទី ១៧ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានលើកឡើងថា ការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហគឺជាវិថីតែ១គត់ ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួម យ៉ាងពិតប្រាកដហើយកម្ពុជាក៏បានប្តេជ្ញាបន្តប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹង តម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន ។
លោកបានថ្លែងថា ៖ « ក្នុងបរិការណ៍សកលលោក ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាការរៀបចំពិព័រណ៍ចិន -អាស៊ានលើក ទី ២០ នេះពិតជាមានសារៈសំខាន់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងតំបន់ឱ្យកាន់តែស្អិតល្មួតប្រកបដោយភាពសុខដុមដើម្បីចូលរួម លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព » ។
លោក ហ៊ុន ម៉ាណែត ថ្លែងថាអាស៊ាន និងចិនមានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ ដែលដឹកនាំ ដោយអាស៊ាន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន – ចិនកិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើនទៀត បង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួមបញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្ម ដោយសេរី និងបើកចំហគឺជាវិថី តែមួយគត់ ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ ។
បើយោងតាមអគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាប្រទេសកម្ពុជាបានធ្វើការនាំចេញកសិផលជាច្រើនប្រភេទមានតម្លៃ ជិត ១,៣៨៥ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ទៅកាន់ទីផ្សារចំនួន ៥៣៕

ដោយគិរីដងរែក