29 C
Phnom Penh
Friday, June 14, 2024
- Advertisement -spot_img

ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ប្រធានក្លឹបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាលើប្រធានបទ “អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា”

- Advertisement -spot_img

ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ “អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ និង លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តម លោក លោកស្រីប្រធាននាយកដ្ឋានជំនាញ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអ្នកសារព័ត៌មានមកពី ៥៧ អង្គភាពសារព័ត៌មាន សរុបចំនួន ៩៧នាក់។

នៅក្នុងវេទិកាពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់ឱកាសដល់អ្នកសារព័ត៌មានទាំងអស់ លើកឡើងជាសំណួរផ្សេងៗ ពាក់ព័ន្ធនឹងចក្ខុវិស័យ គោលបំណង យុទ្ធសាស្ដ្រ និងបេសកកម្មសម្រាប់អភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងបញ្ហានានា នៃការងារអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនពីចក្ខុវិស័យរបស់ក្រសួអភិវឌ្ឍន៍ជនបទគឺ ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងគោលដៅធានានូវការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅរបស់ប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ អនុវត្តបេសកកម្មសំខាន់ៗ របស់ខ្លួន ចំនួនបួនគឺ៖


ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការផ្គត់ផ្គង់ទឹកស្អាត ការផ្ដល់បង្គន់អនាម័យ ការអប់រំផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងមានផាសុកភាព។
ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើត ភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិកម្មនៅតាមសហគមន៍ជនបទ ។
ទី៤. ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។

នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់លើ ការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការពង្រឹងគុណភាព ៧០% និងពង្រីកវិសាលភាព ៣០% សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img