គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានពីមូលដ្ឋានទៅកាន់សាធារណជន និងបង្កើនវត្តមានរបស់ស្ថាប័នព័ត៌មានរដ្ឋនៅលើប្រព័ន្ធឌីជីថល ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងសម័យឌីជីថល។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសន្និសីទ ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ការដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តនេះ គឺជាផ្នែកមួយនៃការជំរុញការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅថ្នាក់មូលដ្ឋាន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឧបករណ៍សម្រាប់ប្រមូល រៀបចំ និងផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយ រហ័ស និងមានប្រសិទ្ធភាព។
គេហទំព័រទាំងនេះនឹងក្លាយជាច្រកព័ត៌មានឌីជីថលសម្រាប់បង្ហាញសកម្មភាពការងារ សមិទ្ធផល និងព័ត៌មានសំខាន់ៗនៅតាមរាជធានី-ខេត្ត ព្រមទាំងជួយភ្ជាប់ព័ត៌មានពីមូលដ្ឋានទៅកាន់សាធារណជនបានកាន់តែងាយស្រួល។ ការពង្រឹងវត្តមានព័ត៌មាននៅលើប្រព័ន្ធឌីជីថល ក៏នឹងរួមចំណែកដល់ការលើកកម្ពស់ភាពទាន់ពេលវេលា ភាពច្បាស់លាស់ និងភាពងាយស្រួលក្នុងការទទួលបានព័ត៌មានផ្លូវការ។
ការបង្កើតវេទិកាឌីជីថលសម្រាប់មន្ទីរព័ត៌មានរាជធានី-ខេត្ត ក៏ឆ្លុះបញ្ចាំងពីការសម្របខ្លួនរបស់វិស័យព័ត៌មានទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរទម្លាប់ទទួលព័ត៌មានរបស់សាធារណជន ដែលកាន់តែពឹងផ្អែកលើប្រព័ន្ធអនឡាញ និងបណ្តាញឌីជីថល។ជាមួយគ្នានេះ ការដាក់ឱ្យប្រើប្រាស់គេហទំព័រជាផ្លូវការនេះ ក៏បង្ហាញពីកិច្ចសហការរវាង ក្រសួងព័ត៌មាន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធព័ត៌មាននៅថ្នាក់មូលដ្ឋាន និងបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលក្នុងវិស័យព័ត៌មាន។ ការដាក់ឱ្យដំណើរការគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត នឹងក្លាយជាជំហានមួយបន្ថែមទៀតក្នុងការជំរុញការធ្វើទំនើបកម្មវិស័យព័ត៌មាន និងការកសាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជនក្នុងបរិបទសង្គមឌីជីថល៕
















ដោយគិរីដងរែក




