ជនសង្ស័យឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែកចាយវីដេអូ ជនសង្ស័យរូបនេះ បានប្រើហិង្សាលើជនរងគ្រោះ០២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ុន វីផា បានរៀបរាប់ឱ្យដឹងថា រូបខ្លួននិងក្រុមជនសង្ស័យពុំដែលបានស្គាល់គ្នាឬធ្លាប់មានរឿងអ្វីជាមួយគ្នាពីមុនមកឡើយ ហើយនៅថ្ងៃកើតហេតុរូបខ្លួនរួមជាមួយមិត្តភក្តិ០៧នាក់ទៀត បានជិះម៉ូតូចេញពីកន្លែងហូបចំណីអាហារនៅមុខវត្តបុទមវត្តី រហូតមកដល់ផ្លូវម្តុំវិមានឯករាជ្យទល់មុខវិទ្យាស្ថានជាតិអប់រំ ស្រាប់តែមានម៉ូតូចំនួន០២គ្រឿង បានជិះតាមពួកខ្លួន ហើយស្រែកថា ចោរ ចោរ ហើយបញ្ជាឱ្យពួកខ្លួនឈប់ម៉ូតូ តែពេលខ្លួនបម្រុងឈប់ម៉ូតូ ពួកគេចេះតែលើកជើងធាក់ម៉ូតូរបស់ខ្លួន ហើយដោយសារតែភ័យខ្លាំងពេក រូបខ្លួនចេះតែបន្តជិះ បត់ចុះបត់ឡើង ចំណែកមិត្តភក្តិផ្សេងទៀត ខ្លួនពុំចាប់អារម្មណ៍ថាពួកវាជិះទៅខាងណាទេ តែម៉ូតូ២គ្រឿង នៅតែបន្តជិះដេញតាមម៉ូតូរបស់ខ្លួន ដោយមានបើកសម្លេងសឺរ៉ែន និងមានម៉ូតូអ្នកសារព័ត៌មានជិះតាមថតពីក្រោយទៀតផង រហូតមកដល់ចំណុចម្តុំខាងមុខ ក្រសួងមហាផ្ទៃ ទើបខ្លួនឈប់ម៉ូតូដើម្បីឱ្យពួកគេឆែកឆេរ ពេលខ្លួនឈប់ម៉ូតូភ្លាម ស្រាប់តែពួកគេចូលមកវាយទាត់ធាក់ លើរូបរាងកាយរបស់ខ្លួន បណ្តាលឱ្យបាត់បង់ស្មារតី ហើយប្រកាច់ប្រកិននៅហ្នឹងកន្លែងតែម្តង ចំណែកមិត្តភក្តិដែលជិះម៉ូតូជាមួយ ខ្លួនពុំដឹងថា រងរបួសត្រង់ណាដែរទេ ព្រោះខ្លួននៅវង្វេងវង្វាន់នៅឡើយ។ លុះពេលរូបខ្លួនត្រឡប់មកដល់ផ្ទះ ទើបបានឃើញព័ត៌មានអនឡាញ ផ្សាយពីសកម្មភាពដែលពួកគេបានវាយតប់ ទាត់ធាក់មកលើរូបខ្លួន ទើបរូបខ្លួនដឹងថាពួកគេពុំ មែនជាសមត្ថកិច្ចឡើយ ហើយពេលឪពុកម្តាយរបស់ខ្លួនបានដឹងរឿងនេះ ពួកគាត់ក៏បានបញ្ជូនខ្លួនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដើម្បីព្យាបាលរបួស។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានបញ្ជាក់ថា រូបខ្លួននិងបក្ខពួក០២នាក់ទៀត ឈ្មោះ ឆាលី ម៉ាហ្វី ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ សែ គឹមសេង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរ សិស្សសាលាឥន្ទ្រទេវី ដំបូងឡើយបានអង្គុយជជែកគ្នាលេងនៅវិមានឯករាជ្យរហូតដល់ម៉ោងប្រហែល២យប់ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ពួកខ្លួនបានជិះចេញពីវិមានឯករាជ្យដល់កែងវត្តបុទុម ក៏បានឃើញសមត្ថកិច្ចកំពុងដេញចាប់ក្មេងមួយក្រុមដោយម៉ូតូសមត្ថកិច្ចមានបើកសារ៉ែនរោទិ៍ ពេលពួកខ្លួនជិះត្រឡប់មកដល់កែងវិមានឯករាជ្យវិញ ស្រាប់តែពួកវាជិះមកគៀរម៉ូតូខ្លួន ឃើញដូច្នោះរូបខ្លួននិងបក្ខពួកបានជិះដេញតាមដោយស្រែកឱ្យវាឈប់ ប៉ុន្តែពួកវាមិនឈប់នោះទេ ពេលមកដល់ក្បែរក្រសួងមហាផ្ទៃ ខ្លួនបានជិះគៀរវាដួលទៅលើខឿនផ្លូវ ហើយខ្លួនក៏បានឈប់ម៉ូតូ ដើរចូលទៅទះវាមួយកំផ្លៀងនិងទាត់មួយជើងចំកណ្តាលមុខ ដួលប្រកាច់លើខឿនតែម្តង ភ្លាមៗនោះក៏មានអ្នកសារព័ត៌មានមកថតឡាយ និងឱ្យរូបខ្លួនជួយជូនជនរងគ្រោះទៅពេទ្យ ប៉ុន្តែអ្នករួមដំណើរជនរងគ្រោះប្រាប់ថាមិនអីទេ ទុកឱ្យគាត់ជូនទៅផ្ទះវិញ ហើយក៏បែកគ្នារៀងខ្លួន រហូតដល់ម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ខ្លួនបានឃើញសារព័ត៌មាន កំពុងធ្វើការឡាយនៅចំណុចបឹងកក់ នូវរឿងហេតុការណ៍ដែលខ្លួនវាយគេ ខ្លួនក៏ជិះចេញពីផ្ទះទៅធ្វើការបំភ្លឺ លុះចប់ការឡាយ ខ្លួនបានធ្វើការចរចាគ្នាជាមួយជនរងគ្រោះ ដោយជនរងគ្រោះបានទាមទារសំណងជំងឺចិត្តចំនួន១៥$ ប៉ុន្តែខ្លួនសុំសងថ្លៃព្យាបាលតែ ៥ម៉ឺនរៀល ពេលនោះជនរងគ្រោះក៏យល់ព្រម។
បើទោះបីជាចម្លើយសារភាពរបស់ជនសង្ស័យ មិនស៊ីសង្វាក់ជាមួយ ពាក្យបណ្តឹងរបស់ជនរងគ្រោះ ក៏ដោយ វីដេអូហិង្សា ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម គឺជាភស្តុតាងបញ្ជាក់ថាជនសង្ស័យមានបទល្មើសយ៉ាងពិតប្រាកដដោយមិនអាចប្រកែកបាន ដែលអាចឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕
ប្រភព កងរាជអាវុធហត្ថរាជធានីភ្នំពេញ




