វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានបញ្ជូននិស្សិតកម្ពុជា ទៅសិក្សាជំនាញកសិកម្ម នៅអុីស្រាអែល កន្លងមក។
សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញរបាយការណ៍ថា ក្នុងពេល១៤ឆ្នាំមកនេះ កម្ពុជាបានបញ្ជូននិស្សិតចំនួន ១ ៤៦៩នាក់ បានទៅសិក្សាជំនាញ កសិកម្មនៅអុីស្រាអែលរយៈពេល១១ខែ តាមរយៈកិច្ចសហ ប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies Agriculture Capacity Building។ និស្សិតកម្ពុជា ដែលបានទៅសិក្សានៅទីនោះ ភាគច្រើនត្រូវបានបណ្ដុះបណ្ដាលចំណេះដឹងបច្ចេកទេសកសិកម្មទាំងទ្រឹស្ដី និងការអនុវត្ត។
លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍មុនថា នៅក្នុងឆ្នាំ២០២២នេះ មាននិស្សិត ៣១៦នាក់បន្ថែមទៀត ដែល បានដាក់ពាក្យទៅសិក្សាជំនាញកសិកម្មនៅអុីស្រាអែល។ ប៉ុន្តែលោក ថា ឆ្នាំ ២០២២នេះ កូតាដែលត្រូវជ្រើសរើសត្រឹមតែ ១០០នាក់ប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២១មានចំនួន ២០០នាក់។
លោកនិយាយថា៖ «និស្សិតទាំងនេះមកពីវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន១៨នាក់ សាកលវិទ្យាល័យស្វាយរៀងចំនួន១១នាក់ និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំចំនួន៦នាក់»។
លោកបន្តថា៖«ពួកគេទៅសិក្សានៅប្រទេសអុីស្រាអែល លើជំនាញស្ដង់ដារកសិកម្មអន្តរជាតិ សេដ្ឋកិច្ចកសិកម្ម ការការពារដំណាំ គម្រោងស្រាវជ្រាវ និងជំនាញផ្សេងៗមួយ
ចំនួនទៀត ដូចជាការអភិរក្សធនធានដី មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប បច្ចេកទេសក្រោយពេលប្រមូលផល ការធ្វើកសិកម្មឈើហូបផ្លែ និងនិរន្តរភាពកសិកម្ម។
លោកបន្ថែមថា៖ «ជំនាញដែលត្រូវដាក់ឱ្យអនុវត្ត នៅកសិដ្ឋានមានដូចជា ការចិញ្ចឹមមាន់ សាកវប្បកម្ម ការ ប្រមូល ផល និងការវេចខ្ចប់ ដំណាំផ្កា ការបណ្ដុះផ្សិត និងគ្រាប់ពូជដើម»។
កាលពីពេលថ្មីៗនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាការងារជាមួយលោក Yaron Tamir នាយកប្រតិបត្តិក្រុមហ៊ុនAgrostudies។ លោកបានលើកឡើងថា ការទៅសិក្សានៅប្រទេសអុីស្រាអែល គឺបានបង្កើនចំណេះដឹង និងបច្ចេកទេសជាច្រើនដល់យុវជនកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលផ្នែក ទ្រឹស្ដី និងការអនុវត្ត។
ក្នុងជំនួបពិភាក្សាការងារនោះ លោក វេង សាខុន ស្នើឱ្យក្រុមហ៊ុនរបស់អុីស្រាអែលមួយនេះ បង្កើនលទ្ធភាពនាំយកនិស្សិកម្ពុជាទៅសិក្សាជំនាញកសិកម្មនៅអុីស្រាអែលបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការខ្វះខាតធនធាន
មនុស្សក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន។
ជាការឆ្លើយ, លោក Yaron Tamir នាយកប្រតិបត្តិក្រុមហ៊ុន Agrostudies បាននិយាយថា ចំពោះសំណើឱ្យបង្កើនចំនួន និស្សិតកម្ពុជាទៅសិក្សានៅអុីស្រាអែលនឹងត្រូវលើកឡើងពេលឯកអគ្គរដ្ឋទូតអុីស្រាអែលធ្វើដំណើមកបំពេញទស្សន កិច្ចនៅកម្ពុជានាខែនេះ ឬខែកក្កដាខាងមុខ។
លោកបន្តថា លោកចង់ឃើញនិស្សិតកម្ពុជាយកជំនាញ ដែលបានរៀនទាំងនោះទៅបម្រើការងារក្នុងវិស័យ
កសិកម្ម ហើយនាពេលអនាគត ក្រុមហ៊ុននេះក៏ចង់បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មកម្ពុជា ដោយប្រើប្រាស់និស្សិតដែលបានបញ្ចប់កម្មសិក្សាមក
ធ្វើជាគ្រូ បង្គោល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់ កសិករ៕
ដោយគីរីដងរែក