ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មាន បានលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មាន ក្នុងការជំរុញទំនើបកម្មវិស័យកសិកម្ម និងការផ្ទេរចំណេះដឹងទៅដល់ប្រជាកសិករ ខណៈដែលយុវជនត្រូវបានចាត់ទុកជាកម្លាំងស្នូលសម្រាប់អនាគតវិស័យនេះ។
ការលើកឡើងនេះធ្វើឡើងក្នុងពិធី «កិច្ចសន្ទនាយុវជនចិន–អាស៊ានស្ដីពីការកសាងផ្ទះដ៏ប្រសើរ៖ បច្ចេកវិទ្យាជំរុញកសិកម្មទំនើប» នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី សាកលវិទ្យាល័យភូមិន្ទកសិកម្ម ទូរទស្សន៍ជាតិកម្ពុជា អ្នកជំនាញកសិកម្ម តំណាងធុរកិច្ច សាស្ត្រាចារ្យ និងនិស្សិត។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងស្ថាប័នកម្ពុជា និងក្វាងស៊ី ក្នុងការរៀបចំវេទិកានេះ ដោយចាត់ទុកថា ជាឱកាសសម្រាប់អ្នកជំនាញ អ្នកសិក្សា និងយុវជននៃភាគីទាំងពីរ ផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស និងស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យកសិកម្ម។
ឯកឧត្តមបានបញ្ជាក់ថា ការធ្វើទំនើបកម្មកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការកែច្នៃកសិផល និងការអភិវឌ្ឍកសិកម្មបៃតង មានសារៈសំខាន់ចំពោះសន្តិសុខស្បៀង ជីវភាពប្រជាកសិករ និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ការជំរុញកសិកម្មទំនើបក៏ស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់អាទិភាពដល់បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស។
ក្នុងបរិបទនេះ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ត្រូវបានចាត់ទុកថាជាច្រកសំខាន់មួយនៃកិច្ចសហប្រតិបត្តិការចិន–អាស៊ាន និងមានបទពិសោធន៍លើបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ និងការអភិវឌ្ឍជនបទ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចែករំលែកបទពិសោធន៍ និងចំណេះដឹងពីក្វាងស៊ី អាចជួយពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មរវាងកម្ពុជា និងចិនឱ្យកាន់តែស៊ីជម្រៅ។
ឯកឧត្តមក៏បានគូសបញ្ជាក់ពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យសោតទស្សន៍ ក្នុងការនាំយកចំណេះដឹងពីអ្នកជំនាញ និងស្ថាប័នសិក្សា ទៅកាន់ប្រជាកសិករ និងសហគមន៍។ ប្រព័ន្ធផ្សព្វផ្សាយអាចជួយផ្សព្វផ្សាយបច្ចេកទេសកសិកម្មឆ្លាតវៃ ព័ត៌មានទីផ្សារ និងគំរូជោគជ័យ តាមរយៈមាតិកាអប់រំដែលងាយយល់ និងផ្សាយបានទូលំទូលាយ។
ឯកឧត្តមបានគាំទ្រឱ្យទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរកម្មវិធី ការផលិតឯកសាររួម និងការផ្សព្វផ្សាយគំនិតច្នៃប្រឌិត ព្រមទាំងដំណោះស្រាយដែលបានលើកឡើងក្នុងកិច្ចសន្ទនា ដើម្បីជំរុញចំណាប់អារម្មណ៍របស់យុវជនចិន និងអាស៊ានចំពោះកសិកម្មទំនើប។
ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់និស្សិត និងយុវជនឱ្យប្រើប្រាស់វេទិកានេះ ដើម្បីផ្លាស់ប្តូរទស្សនៈ សិក្សាពីបច្ចេកវិទ្យាថ្មីៗ និងបង្កើតបណ្តាញទំនាក់ទំនងរវាងគ្នា។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហការរបស់យុវជននៅថ្ងៃនេះអាចក្លាយជាគ្រឹះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងការកសាង «សហគមន៍វាសនារួមកម្ពុជា–ចិន» និង «ផ្ទះដ៏ប្រសើរ» សម្រាប់តំបន់ ប្រកបដោយវិបុលភាព បៃតង និងចីរភាព៕







ដោយគិរីដងរែក




