ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា ទទួលព្រុយណេវេលាម៉ោង ៥ ល្ងាចនេះ ផ្សាយផ្ទាល់ដោយទូរទស្សន៍បាយ័ន BTV សម្រាប់ការប្រកួតវគ្គ សន្សំពិន្ទុក្នុងពូល A ជើងឯកអាស៊ាន AFF Mitshubishi Eletric Cup ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ការប្រកួតនេះ នឹងមានគ្រាប់បាល់ច្រើនដោយសារក្រុមទាំងពីរមានមហិច្ឆតាខ្ពស់ដូចគ្នា។ គ្រូបង្វឹកព្រុយណេលោក Mario Rivera Campesino ប្តេជ្ញាស្វែងរក៣ ពិន្ទុជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ២៦ ឆ្នាំរបស់ខ្លួនក្នុងជើងឯកអាស៊ានលំដាប់ទី១ នេះខណៈគ្រូបង្វឹក កម្ពុជាលោក Ryu Hirose ប្តេជ្ញារកគ្រាប់បាល់ឲ្យបានច្រើនបំផុតដើម្បីប្រជែងកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង។
នេះជាលើកទី២ ហើយសម្រាប់ព្រុយណេ ដែលបានឡើងមកដល់វគ្គសន្សំពិន្ទុក្នុងពូលជុំផ្ដាច់ព្រ័ត្រ។ លោកបាននិយាយថា ៖«ក្រុមយើងមិន ធ្លាប់បានពិន្ទុពីការប្រកួតវគ្គសន្សំក្នុងជុំផ្តាច់ព្រ័ត្រដូច្នេះយើងនឹងប្រឹងឲ្យអស់លទ្ធភាពដើម្បីបាន៣ ពិន្ទុជាលើកដំបូង»។
ចំណែកគ្រូបង្វឹកកម្ពុជាលោក Ryu Hirose បាននិយាយថាលោកត្រូវការរកគ្រាប់បាល់ឲ្យច្រើនបំផុតតាមដែលធ្វើទៅបានដើម្បី ឱកាស ប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីព្រោះក្នុងប្រវត្តិកម្ពុជាមិនធ្លាប់បានឡើងវគ្គ៤ ក្រុមចុងក្រោយពានរង្វាន់នេះទេ។
កែវ សុខផេង និង សឿយ វិសាល ធ្លាប់ស៊ុតចូលព្រុយណេព្រុយណេ នឹងលេងដោយគ្មានបារម្ភអ្វីទាំងអស់បន្ទាប់ពីចាញ់៣ ប្រកួតជាប់គ្នា អស់ឱកាសឡើងទៅវគ្គបន្តហើយ។ ពួកគេ នឹងលេងដោយមិនខ្លាចចាញ់លេងដោយស្មារតីសេរីហើយក៏អាចដាក់កីឡាករអាយុក្រោម២៣ ឆ្នាំច្រើនដើម្បីបង្កើនបទពិសោធត្រៀមស៊ីហ្គេម ២០២៣។ ផ្ទុយទៅវិញកម្ពុជាត្រូវប្រឹងខ្លាំងមែនទែនដោយសារត្រូវការគ្រាប់បាល់និងពិន្ទុ ជាចាំបាច់ដើម្បីឱកាសវគ្គបន្ត។
៣ ប្រកួតកន្លងមកព្រុយណេចាញ់ថៃ ០-៥, ចាញ់ហ្វីលីពីន ១-៥ និងចាញ់ ឥណ្ឌូនេស៊ី ០-៧ ខណៈកម្ពុជាទើបតែបាន២ ប្រកួតគឺឈ្នះ ហ្វីលីពីន ៣-២ និងចាញ់ឥណ្ឌូនេស៊ី ១-២។ ព្រុយណេរហូតគ្រាប់១៧ គ្រាប់ និងស៊ុត ចូលដៃគូបានតែ១ គ្រាប់ប៉ុណ្ណោះ ស្របពេលកម្ពុជា ស៊ុតចូលដៃ គូ ៤ គ្រាប់ហើយត្រូវដៃគូស៊ុតចូលវិញ ៤គ្រាប់។
តាមរយៈប្រវត្តិនិងឆ្លងកាត់ការប្រកួត៣ លើកកន្លងមករបស់ព្រុយណេឃើញថារបូត គ្រាប់បាល់ច្រើនដូច្នេះល្ងាចនេះ អាចនឹងរបូត គ្រាប់បាល់ច្រើនទៀតប្រសិនបើក្រុមកម្ពុជាលេងសហការគ្នាល្អដូចពីរប្រកួតកន្លងមក។ ផ្ទុយទៅវិញបើកម្ពុជាលេងដោយមើលស្រាលដៃ គូអាចនឹងរបូតគ្រាប់បាល់វិញ។


ដោយគីរីដងរែក




