គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី G20 ស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (MCWE) 2022 ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា នៅកោះបាលី។
កិច្ចប្រជុំនេះមានសារសំខាន់សម្រាប់អ្នកចូលរួមក្នុងការចែករំលែកមេរៀន និងផ្លាស់ប្តូរបទពិសោធន៍លើការពង្រឹងតួនាទីស្ត្រីក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាវិធានកាឆ្ពោះទៅមុខ។
ថ្លែងទៅកាន់កិច្ចប្រជុំ លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី បានចែករំលែកអំពីវិធានការ គោលនយោបាយ គំនិតផ្តួចផ្តើម និងឱកាសរបស់កម្ពុជាក្នុងការកាត់បន្ថយគម្លាតយេនឌ័រឌីជីថល និងបង្កើនការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី រួមទាំងភាពជាសហគ្រិន និងសុខុមាលភាពសេដ្ឋកិច្ចរបស់ស្ត្រី ក្នុងបរិបទនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅក្រោយជំងឺរាតត្បាតនៅក្នុងគន្លងរបៀបរស់នៅថ្មី។
ក្រោមប្រធានបទ “រួមគ្នាឡើងវិញ ស្តារភាពរឹងមាំ ដើម្បីបិទគម្លាតយេនឌ័រ”កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងជាទម្រង់កូនកាត់ និងមានការចូលរួមពីប្រទេសសមាជិក G20 MCWE និងភ្ញៀវដ៏ទៃទៀត។
ដោយគីរីដងរែក




